គ្រឹះ​ប្រាសាទ​បូរាណ​៣​កន្លែង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្បែរ​ប្រាសាទ​តាមាន់

ប្រភព​ពី​មន្ត្រី​យោធា​ខ្មែរ​ដែល​កំពុង​ការពារ​ព្រំដែន​នៅ​តំបន់​ប្រាសាទ ​តាមាន់​ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា គេ​បាន​រក​ឃើញ​គ្រឹះ​ប្រាសាទ​បូរាណ​ដែល​រង​ការបាក់បែក​ចំនួន​៣​កន្លែង​និង​ អណ្តូង​បូរាណ​ចំនួន​២​កាលពី​ពេល​ថ្មីៗ​នៅ​ក្នុង​ព្រៃ​លើ​ខ្នង​ភ្នំ​ដងរែក​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទ​តាមាន់​ទេ ខណៈ​ដែល​កង​ទាហាន​ការពារ​ព្រំដែន​ខ្មែរ​បាន​ដើរ​ស្វែងរក​ការបោះ​ជំរំ​កង​ទ័ព ​ទី​នោះ។

នាយ​សេនាធិការ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​របស់​កង​ពល​តូច​លេខ​៤២​ដែល​ កំពុង​ប្រចាំការ​នៅ​ប្រាសាទ​តាមាន់ លោក​វរសេនីយ៍​ឯក នាក់ វង្ស បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កក្កដា ថា កាលពី​៤​ថ្ងៃ​មុន​លោក​បាន​ដឹកនាំ​កង​ទ័ព​ដើរ​ល្បាត​ដើម្បី​ស្វែងរក​កន្លែង​ បោះ​ជំរំ​ក៏​បាន​ប្រទះ​ឃើញ​ទី​ទួល​ចំនួន​៣​កន្លែង​ជាប់ៗ​គ្នា ប៉ុន្តែ​បន្ទាប់​ពី​ពិនិត្យ​ច្បាស់​លាស់​ទើប​ដឹង​ថា​ជា​ប្រាសាទ​បូរាណ​ដែល​ បាក់​បែក​និង​មាន​អណ្តូង​បូរាណ​ផង នៅ​ក្នុង​ព្រៃ​ចម្ងាយ​ប្រមាណ​៣​គីឡូ​ម៉ែត្រ​ភាគ​ខាង​លិច​ឆៀង​ខាង​ត្បូង​ពី​ ប្រាសាទ​តាមាន់។

លោក​វរសេនីយ៍​ឯក នាក់ វង្ស បាន​ឲ្យ​ដឹង​ថា ៖ «អ្នក​ស្រុក អ្នក​ភូមិ គេ​ថា​ប្រាសាទ​ដៃកី។ ប្រាសាទ​ហ្នឹង​មិន​ល្អ​ទេ គ្រាន់​តែ​វា​នៅ​គ្រឹះ នៅ​បល្ល័ង្ក​អី​ខ្លះ… គ្រាន់តែ​នៅ​ក្នុង​ហ្នឹង​វា​មាន​អណ្ដូង​បូរាណ​ពីរ»

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ប៉ិច សុខិន បាន​មាន​ប្រសាសន៍​ថា ពិត​ជា​មាន​ការរក​ឃើញ​ប្រាសាទ​បូរាណ​ដែល​បែកបាក់​មែន​កាលពី​ពេល​ថ្មីៗ។ លោក​អភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ទៀត​ថា ដោយសារ​តែ​តំបន់​ប្រាសាទ​ដែល​ទើប​រក​ឃើញ​នោះ​នៅ​ក្នុង​ព្រៃ​ដែល​មាន​គ្រាប់​ មីន​ផង លោក​បាន​ប្រគល់​ការគ្រប់គ្រង​និង​ថែរក្សា​ជា​បណ្តោះ​អាសន្ន​ទៅ​ឲ្យ​កង​ទាហាន ​នៅ​ទី​នោះ​ដើម្បី​បោស​សម្អាត​មីន​កប់​ក្រោម​ដី​និង​ធ្វើ​ផ្លូវ​ឲ្យ​ ប្រជាពលរដ្ឋ​ចេញ​ចូល​ទស្សនា ហើយ​លោក​ក៏​បាន​បញ្ជូន​ដំណឹង​នេះ​ទៅ​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ផងដែរ។

លោក ប៉ិច សុខិន បាន​បញ្ជាក់​ថា ៖ «យើង​បាន​ជូន​ដំណឹង​ទៅ​លើ​ហើយ ការថែ​រក្សា​គឺ​ប្រគល់​ឲ្យ​ខាង​យោធា មើល​មីន​មើល​អី ហើយ​ឆ្ការ​ព្រៃ​ឲ្យ​ទូលាយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ទស្សនា»

អ្នក​បូរាណ​វិទ្យា​របស់​កម្ពុជា​បាន​និយាយ​ថា នៅ​លើ​ខ្នង​ភ្នំ​ដងរែក​គឺមាន​ប្រាសាទ​បូរាណ​ជា​ច្រើន​ទៀត​ដែល​គេ​ពុំ​ធ្លាប់ ​ជួប​ប្រទះ​នៅ​ឡើយ។

អ្នក​ជំនាញ​ខាង​សិលាចារឹក លោក​បណ្ឌិត មីសែល ត្រាណេ បាន​មាន​ប្រសាសន៍​ថា ប្រាសាទ​បូរាណ​ជា​ច្រើន​ដែល​លាក់​កំបាំង​នៅ​ក្នុង​ព្រៃ​នៃ​ខ្នង​ភ្នំ​ដងរែក​ ចាប់​ពី​ខេត្ត​ឧត្តរមានជ័យ​រហូត​ដល់​ខេត្ត​បន្ទាយមានជ័យ ដែល​កសាង​ឡើង​ចាប់​ពី​សតវត្សរ៍​ទី​៧ រហូត​ដល់​ទី​១១ នៃ​គ្រិស្ត​សករាជ ដែល​ប្រាសាទ​ខ្លះ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​នៃ​ប្រទេស​កម្ពុជា​នៅ ​ឡើយ ហើយ​ប្រាសាទ​ខ្លះ​ត្រូវ​អ្នក​ជួញ​ដូរ​វត្ថុ​បូរាណ​គាស់​បំផ្លាញ​ខ្ទេចខ្ទី។

លោក មីសែល ត្រាណេ បាន​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ប្រាសាទ​តាមាន់​តូច តាមាន់​ធំ និង​ប្រាសាទ​ថ្ម​បាយ​ក្រៀម​ខ្លះ​ទៀត កសាង​នៅ​សតវត្សរ៍​ទី​១១ ៖ «ការលេច​ធ្លោ​ឡើង​គឺ​សតវត្សរ៍​១១ ព្រោះ​សិលា​ចារឹក​មួយ​បាន​និយាយ​ច្បាស់​ថា ក្នុង​រជ្ជកាល​របស់​ព្រះបាទ ឧទ័យាទិត្យវរ្ម័ន​ទី​១»

លោក មីសែល ត្រាណេ បាន​ឲ្យ​ដឹង​ទៀត​ថា តំបន់​ខ្នង​ភ្នំ​ដងរែក​គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ជា​យូរយារ​មក​ហើយ ដែល​ជា​តំបន់​ឆ្លង​កាត់​ពី​រាជធានី​អង្គរ​ទៅ​តំបន់​ខ្ពង់រាប​នគររាជសីមា​ដែល ​មាន​ខេត្ត​ជា​ច្រើន​ដូច​ជា​សុរិន្ទ ខេត្ត​បូរីរ៉ាំ និង អ៊ូប៊ុន នៃ​អាណាចក្រ​ខ្មែរ​សម័យ​នោះ៕

_____________________________

ប្រភព​ ៖​ វិទ្យុ​អាស៊ីសេរី ១៩ កក្តដា ២០០៩

_____________________________

ពត៌មានទាក់ទង៖

- ប្រាសាទតាមាន់ធំ(បណ្តាញពត៌មានវប្បធម៌ខ្មែរ)
- រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌៖ ប្រាសាទ​តាមាន់​ធំ​ជា​របស់​ខ្មែរ (វិទ្យុ​អាស៊ីសេរី 04  សីហា​ ២០០៨)
- ប្រាសាទតាមាន់ធំ​ (ឈូកខ្មែរ)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: